ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ស្នើឱ្យធនាគារABA ផ្តល់ឱកាសសម្រាប់សិស្ស និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានឱកាសចុះធ្វើកម្មសិក្សាសាកល្បងការងារតាមជំនាញរបស់ពួកគេ !!!
ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ពុធ ៤ រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹង ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញ:
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ថ្លែងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ABA Bank នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍
ថា :
ខ្ញុំសូមថ្លែងអរគុណចំពោះធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) ដែលចុះអនុស្សារណៈយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) និងផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុងរយៈពេល១ឆ្នាំ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក្នុងរយៈពេល១ឆ្នាំជូនសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន (AMT)ផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតរបស់ពួកគេ។
ឯកឧត្តម បណ្ឌិត បានបន្តទៀតថា បើទោះបីជា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ជាក្រុមហ៊ុនឯកជនរកប្រាក់ចំណេញក្តី ប៉ុន្តែយើងមានបេសកកម្មសង្គមស្រដៀងគ្នាក្នុងការចូលរួមសកម្មភាពមនុស្សធម៌មនុស្សតាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ការចូលរួមចុះអនុស្សរណៈយោគយល់គ្នានេះបានផ្ដល់លទ្ធភាពឲ្យសមាគមTYDA បញ្ជូនកម្លាំងស្ម័គ្រចិត្តដែលមានជំនាញ ទឹកចិត្ត ឆន្ទ: ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងបានផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បណ្ឌិត មានប្រសាសន៍ សង្កត់ធ្ងន់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ១- ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
នៅចុងបញ្ចប់ ឯកឧត្តម បណ្ឌិត បានស្នើឱ្យធនាគារABA ផ្តល់ឱកាសសម្រាប់សិស្ស និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានឱកាសចុះធ្វើកម្មសិក្សាសាកល្បងការងារតាមជំនាញរបស់ពួកគេ ដើម្បីផ្ដល់ឱកាសឲ្យសិស្សនិស្សិតមានបទពិសោធន៍ និងការងារជំនាញរបស់ខ្លួនប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/