ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយផ្អែកលើមុខងារសំខាន់ចំនួន ០៥ ចំណុច !!!!!
ដោយ៖ លោក ភៀង សុភា
ចេញ ផ្សាយ ថ្ងៃ ពុធ ០៤ កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញ:
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ នៅរាជធានីភ្នំពេញ, ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានថ្លែងនៅក្នុងអង្គពិធី ថា៖
ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន និងអង្គការ UNESCO ប្រចាំកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីមូលនិធីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត រួមនឹងដៃគូពាក់ព័ន្ធ ដែលបានសហការរៀបចំពិធីជួបជុំដ៏មានអត្ថន័យនេះ ដើម្បីចូលរួមអបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។ កម្ពុជា ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលផ្តល់ការការពារ និងលំហរសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយផ្អែកលើមូលដ្ឋានច្បាប់ សំដៅធានាបាននូវការអនុវត្តសិទ្ធិសេរីភាពដោយស្មើគ្នាចំពោះមុខច្បាប់ និងភាពសុដុមរមនាក្នុងសង្គមដោយមិនបំពានគ្នា និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក៏ដូចជាឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។
មិនតែប៉ុណ្ណោះ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន៖ ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោមឡើងលើ, ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល, ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ។ ក្នុងន័យនេះ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងថតភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានទទួលស្គាល់ និងផ្តល់តម្លៃសារៈសំខាន់ដល់គ្រប់តួអង្គក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី បែបឌីជីថល និងសារព័ត៌មានប្រជាជនតាមបណ្តាញសង្គមបច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រលើកទឹកចិត្ត និងបង្កលក្ខណៈគ្រប់បែបយ៉ាង។ ជាក់ស្តែង រាជរដ្ឋាភិបាល បានបញ្ចូលអ្នកសារព័ត៌មានទាំងអស់នៅក្នុងក្រុមអាទិភាពកម្លាំងជួរមុខ ដែលត្រូវបានការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ មុនគេ ដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូនអាចបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ឯកឧត្តម បានក្រើនរំលឹកថា អ្នកសារព័ត៌មាន មានសិទ្ធិអំណាចចូលរួមតាមដានត្រួតពិនិត្យសកម្មភាពរបស់គ្រប់តួអង្គទាំងអស់ក្នុងសង្គម ទាំងរដ្ឋាភិបាល, ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាសហភាតរៈផ្ទាល់ សំដៅធ្វើយ៉ាងណាលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដោយគ្រប់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់, ស្ថិតនៅក្រោមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់។ តម្លៃពិតប្រាកដនៃអំណាច គឺមិនមែនជាការដែលធ្វើឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើឱ្យគេគោរព។ ដើម្បីឱ្យគេគោរព យើងម្នាក់ៗអាចចាប់ផ្តើមពីសកម្មភាពផ្ទាល់របស់ខ្លួនយើង។ ចំពោះអ្នកសារព័ត៌មាន គឺអាចចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយមនសិការ និងការទទួលខុសត្រូវ ព្រមទាំងការខិតខំស្វែងរក និងផ្សព្វផ្សាយព័ត៌មានដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គម។ អ្វីដែលរាជរដ្ឋាភិបាល អាចធ្វើបានទាំងក្នុងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត គឺការគាំពារ និងបើកលំហរសិទ្ធិនិងសេរីភាពក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមជាមួយនឹងការឧបត្ថម្ភគាំទ្រ និងបង្កលក្ខណៈផ្សេងៗទៀតស្របទៅតាមដំណើរវិវឌ្ឍរីកចម្រើនរបស់ប្រទេសយើង។
មានប្រសាសន៍នៅចុងបញ្ចប់កម្មវិធី ឯកឧត្តម បណ្ឌិត បានថ្លែងថាពិតណាស់ នៅក្នុងយុគសម័យឌីជីថលនេះ មានការប្រកួតប្រជែងដ៏ស្រួចស្រាល់នៅក្នុងវិស័យព័ត៌មាន ដែលបង្កើតបានជាបញ្ហាប្រឈមធំនៅក្នុងឧស្សហកម្មនេះ។ យ៉ាងណាក៏ដោយ ស្របពេលដែលរាជរដ្ឋាភិបាលមានការបើកទូលាយ និងលើកទឹកចិត្តការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងមជ្ឈដ្ឋានយុវជន បញ្ហានេះក៏អាចប្រែក្លាយទៅជាកាលានុវត្តភាពទៅវិញ ប្រសិនបើស្ថាប័ន-អង្គភាពនៅក្នុងវិស័យនេះ អាចកែលម្អ និងអភិវឌ្ឍបត់បែនខ្លួនឱ្យស្របទៅនឹងការវិវត្តប្រែប្រួលនៃសភាពការណ៍ ដោយចេះរៀបចំខ្លួនតាមរយៈការកំណត់ចក្ខុវិស័យច្បាស់លាស់, ផែនការសកម្មភាពហ្មត់ចត់ និងរចនាសម្ព័ន្ធការងារសមស្រប រួមផ្សំជាមួយនឹងគុណភាពនៃព័ត៌មានដែលពិតត្រឹមត្រូវ និងលឿនរហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្លាំងនៃការប្រកួតប្រជែង ជាពិសេសភាពទាក់ទាញ ដែលអាចស្រូបយកប្រជាប្រិយភាព និងទំនុកចិត្តរបស់សាធារណជន៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/