ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានទទួលការព្យាបាលដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ជាលើកទី៦ !!!!!
ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ សៅរ៍ ០៨រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។
ព័ត៌មានជាតិ
ខេត្តតាកែវះ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលប្រជាពលរដ្ឋនៅក្នុងឃុំពោធ៍រំចាក ស្រុកព្រៃកប្បាសខេត្តតាកែវ ដោយមានការចូលរួមជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយឃុំ និង ថតស្រុកព្រៃកប្បាស អាជ្ញាធរដែនដី យុវជន និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
ឯកឧត្តម ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស បានមានប្រសាសន៍ថា យើងពិតជាមានសំណាងណាស់ដែលមានថ្នាក់ដឹកនាំរបស់យើងគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងថ្ងៃនេះក្រុមគ្រូពេទ្យបានមកចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកព្រៃកប្បាសជាលើកទី៦។ ឯកឧត្តមក៏បានថ្លែងអំណរគុណនិងមានមោទនភាពចំពោះថ្នាក់ដឹកនាំនិងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលបានលះបង់គ្រប់បែបយ៉ាងនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងទាំងការផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ ឯកឧត្តមពេជ សោភ័ន បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បីដូចជាបោះឆ្នោតឲ្យខ្លួនឯងដើម្បីបន្តសន្តិភាព និងគាំទ្រសម្តេចតេជោហ៊ុន សែន ដើម្បីដឹកនាំប្រទេសអោយកាន់តែមានការអភិវឌ្ឍរីកចម្រើន។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់អភិបាលស្រុកព្រៃកប្បាសបានឱ្យដឹងថា វិស័យសុខាភិបាលនៅក្នុងស្រុកមានការរីកចម្រើន ក្នុងនោះប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងទាំងដុសមូលដ្ឋាននិងដុសជម្រុញបានប្រមាណ៧០% និងទទួលបានសេវាព្យាបាលដែលឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជាលើកទី៦ នឹងទទួលបានការវះកាត់បេះដូងជូនប្រជាពលរដ្ឋចំនួន៤នាក់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/