ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ នៅក្នុងអាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត !!!!!
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អង្គារ ១៥ រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០២៣
ខេត្តកំពង់ចាម៖
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីប្រគល់សញ្ញាត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម (ក្រុងកំពង់ចាម, ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣) ក្នុងកម្មវិធីដ៍សែនរីករាយ នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់អង្គពិធីថា ៖
ខ្ញុំសូមចូលរួមអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះបានកើតចេញពីការខិតខំប្រឹងប្រែងរបស់និសិ្សតផ្ទាល់, ការគាំទ្រពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានលះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលាកម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀនចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ។
ខ្ញុំសូមបញ្ចាក់ថា នៅក្នុងអាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។
ហើយសុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធនេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖ ទី១. បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាលជាជំហានៗតាមរយៈការជំរុញសេវាសុខាភិបាលឱ្យកាន់តែខិតកៀកជិតបំផុតនឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។
ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើនទៅមុខប្រកបដោយគុណភាពបន្ថែមទៀត៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/