មហាយក្សចិន បានបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំង បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ !!!!!
ព័ត៌មានអន្តរជាតិ
ដោយះ លោក ពេជ្រ ជីងប៉ាវ
ចេញផ្សាយថ្ងៃពុធ ៦រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក២៥៦៨ ត្រូវនឹងថ្ងៃ ទី ២៣ ខែ តុលា ឆ្នាំ ២០២៤
(រដ្ឋធានីតៃប៉ិ)៖
នៅថ្ងៃពុធ ទី២៣ ខែតុលា ទីក្រុងតៃប៉ិបានឱ្យដឹងថា ខ្លួនបានប្រទះឃើញ នាវាចម្បាំងផ្ទុកយន្តហោះចម្បាំងចិន ១គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ដែលខណ្ឌចែកចិនដីគោក និងកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរដែនកោះនេះ កាលពីថ្ងៃអង្គារ។ នេះបើតមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា នាវាផ្ទុកយន្តហោះចម្បាំងខាងលើ គឺនាវា Liaoning ហើយវាត្រូវបានអមដំណើរ ដោយនាវាយោធាចិនមួយចំនួនផ្សេងទៀត។ នាវាផ្ទុកយន្តហោះចម្បាំង Liaoning បានចូលរួម ក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិន កាលពីសប្តាហ៍មុន ដែលត្រូវបានថ្កោលទោសដោយតៃវ៉ាន់ និងទីក្រុងវ៉ាស៉ីនតោន។ អំឡុងសមយុទ្ធនោះ ចិនក៏បានបញ្ជូនយន្តហោះយោធាជាង ១០០គ្រឿង និងនាវាយោធាជាច្រើនគ្រឿង ហ្វឹកហាត់ឡោមព័ទ្ធកោះតៃវ៉ាន់ផងដែរ។ ទីក្រុងប៉េកាំង បាននិយាយថា វាជាសារព្រមានដ៏រឹងមាំមួយ ចំពោះសកម្មភាពប៉ុនប៉ងបំបែករដ្ឋ របស់កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ នាវាចម្បាំងអាមេរិក១គ្រឿង និងនាវាចម្បាំងកាណាដា១គ្រឿង បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា គឺជាការធ្វើដំណើរឆ្លងកាត់ជាទូទៅ ដ្បិតច្រកសមុទ្រនេះ ជាដែនទឹកអន្តរជាតិ។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានថ្កោលទោស សកម្មភាពនោះថា ជាការរំខានសន្តិភាពនិងស្ថិរភាព ក្នុងតំបន់។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយ ច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវបានចាត់ទុកថា ស្ថិតក្រោមយុត្តាធិការរបស់ប្រទេសចិន ផងដែរ៕
ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/