លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែបម្រើពលរដ្ឋជាប្រចាំខុសពីក្រុម អ្នកនយោបាយ អគតិ មួយចំនួន ដែលប្រើប្រាស់ ពេលវេលា ធ្វើតែសកម្មភាព ញុះញង់ និង បំផិតបំភ័យ ប្រជាពលរដ្ឋ !!!!
ដោយះ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ សុក្រ ៩កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ខេត្តកំពត ៖
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «សកម្មភាពរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខុសពីក្រុមអ្នកនយោបាយអគតិមួយចំនួន ដែលប្រើប្រាស់ពេលវេលាធ្វើតែសកម្មភាពញុះញង់ និងបំផិតបំភ័យប្រជាពលរដ្ឋ ដូចជាករណីបំផុសបំផុលមិនឱ្យចាក់វ៉ាក់សាំងជាដើម ហើយទីបំផុតអំពើដ៏គួរឱ្យខ្មាស់អៀន និងអមនុស្សធម៌ទាំងអស់នេះ ត្រូវបានកាច់បំបាក់យ៉ាងអាម៉ាស់បំផុត ដោយសារប្រជាពលរដ្ឋលោកមានការចេះដឹង និងពិចារណាហេតុផលត្រឹមត្រូវ ព្រមទាំងមានជំនឿទុកចិត្តយ៉ាងមុតមាំលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយមូលដ្ឋានខេត្តកំពត ក៏ដូចជានៅទូទាំងប្រទេស ព្រមទាំងក្រុមការងារយុវជនគ្រប់យន្តការ ដែលបានយកអស់ កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈលំបាកមានអាសន្ន ពោលគឺខុសពីក្រុមអ្នកនយោបាយអគិតមួយចំនួន ដែលតែងតែធ្វើសកម្មភាពប្រឆាំង។
លោកបណ្ឌិត ថ្លែងបែបនេះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។លោកបន្ថែមថា ប្រជាពលរដ្ឋយើងជិត ១៥លាននាក់ហើយ បានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅទូទាំងប្រទេស ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់រង្គាលប្រជាជននៅទូទាំងពិភពលោកជាង ០៦ លាននាក់រួចមកហើយ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការបើកឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ ដែលជាគ្រឹះស្ថានអប់រំចំណេះទូទៅកម្រិតមធ្យមសិក្សាសម្រាប់សិស្សប្រុស របស់សមាគមប្រភពល្អកម្ពុជា ដោយមានការសាងសង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន បម្រើឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូ ព្រមទាំងការរស់នៅរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ជាអាទិ៍ អគារសិក្សា, ទីចាត់ការ, អន្តេវាសិកដ្ឋាន, អគារស្នាក់នៅគ្រូបង្រៀន, សាលសហសិក្សា, អាហារដ្ឋាន, រួមទាំងរបង, សួនច្បារ និងផ្លូវបេតុង។
លោកបណ្ឌិត មានប្រសាសន៍បន្តថា សកម្មភាពរបស់សមាគមប្រភពល្អកម្ពុជា និងសមិទ្ធផលទាំងនេះ ពិតជាបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្ស នៅតាមសហគមន៍ឥស្លាមកម្ពុជា ដោយក្មួយៗសិស្សានុសិស្ស អាចទទួលបានការចិញ្ចឹមទំនុកបម្រុង និងរស់នៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ ហើយក្មួយៗដែលជាកូនចៅប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ក៏អាចចូលរៀននៅក្នុងសាលា ជាមួយនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងកម្មវិធីប្រពៃណីឥស្លាមសាសនា។ ទាំងអស់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗ ក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងគុណធម៌ ស័ក្តិសមជាយុវជនគំរូ និងជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា មួយវិញទៀត ការជួបជុំអបអរសាទរសមិទ្ធផលទាំងឡាយក្នុងថ្ងៃនេះ ក៏បង្ហាញផងដែរអំពីសាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជា ដែលមានប្រជាជនចំរុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់ដ៏សុខសាន្តនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នាធំរបស់ប្រជាជនកម្ពុជា និងជាផ្លែផ្កានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/